Thursday, November 19, 2015

ក្រុមហ៊ុន ROJANA របស់ថៃ គ្រោងបង្កើត តំបន់ឧស្សាហកម្មនៅកម្ពុជា


ក្រុមហ៊ុន​​ហ៊ុនរបស់​ថៃ Rojana Industrial Park Plc (ROJANA)​ នឹង​សាងសង់​សួន​​ឧស្សាហកម្ម​មួយកន្លែង​​នៅក្នុងប្រទេស​កម្ពុជា ​ ដែលបច្ចុប្បន្ន ក្រុមហ៊ុន​កំពុង​សិក្សា​ពី​​លទ្ធភាព​មួយ​ក្នុង​គម្រោងសួនឧស្សាហកម្ម ​ហើយនឹង​ជ្រើសរើស​ទីតាំង​មួយ​​រវាង​ភូមិ​ស្ទឹង​បត់ នៅខេត្តបន្ទាយមានជ័យ ឬ​​តំបន់​សេដ្ឋកិច្ច​ពិសេស​អូរនាង ​នៅ​ក្រុង​ប៉ោយប៉ែត ​សម្រាប់​ធ្វើ​ជា​ទីតាំង​សួន​ឧស្សាហកម្មមួយ​នេះ​ នេះបើតាមប្រសាសន៍របស់លោក Khajonsak Mahakunnawan ​ទីប្រឹក្សា​ក្រុមហ៊ុន Rojana​។
ការ​សិក្សា​ពីសំណើនៃ​លទ្ធភាពក្នុងតំបន់ទាំងពីរ ដែលនៅជាប់នឹងព្រំដែនប្រទេសថៃនេះ​ អាច​នឹង​ត្រូវ​បញ្ចប់​នៅ​ចុង​ឆ្នាំ ២០១៥នេះ​ ស្របពេលជាមួយការ​មកដល់នៃ ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ដែលអាច​ពង្រីកកំណើនវិនិយោគនៅកម្ពុជា។
ការ​អភិវឌ្ឍ​ន៍តំបន់​ឧស្សាហកម្ម​នេះ​ គេ​​បាន​​រំពឹង​ថា ​នឹង​ទាក់ទាញ​វិនិយោគ​ទាំង​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ ដែល​​ក្រុមហ៊ុន​នេះ​​គ្រោង​សាងសង់​ឡើង​​​នៅ​ ខេត្ត​ស្រះកែវ ​ប្រទេស​ថៃ ​និងក្នុង​តំបន់​​សេដ្ឋកិច្ច​ពិសេស​​អូរនាង ​នៅ​ក្រុង​ប៉ោយប៉ែត​។
លោក Khajonsak ​បានឲ្យដឹងដែរ​ថា ​ក្រុមហ៊ុន​ Rojana នឹងបង្កើតតំបន់ឧស្សាហកម្មបន្ថែមទៀត នៅតាមបណ្តាប្រទេសជិតខាងរបស់ថៃ ដើម្បីទាញយកផលប្រយោជន៍ពីកំណើនសេដ្ឋកិច្ច ​ដោយសារវត្តមាន​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន (AEC) ​ដែល​នឹង​ចាប់ផ្តើមនៅចុងខែ ធ្នូ ឆ្នាំ ២០១៥ខាងមុខនេះ។ ក្រុមហ៊ុននេះ ក៏បានចាប់ដៃគូរួចទៅហើយដែរ ជាមួយក្រុមហ៊ុន​ អភិ​វឌ្ឍន៍ ថៃ-អ៊ីតាលី ភីអិលស៊ី​ ក្នុងការបង្កើតតំបន់ឧស្សាហកម្ម នៅឯតំបន់សេដ្ឋកិច្ចពិសេស Dawei ប្រទេសមីយ៉ាន់មា។​​
គួរជម្រាបជូនថា សួន​ឧស្សាហកម្ម​ដែល​គ្រោង​នឹង​សាងសង់​ឡើង​នេះ ​នឹង​ត្រូវ​សាងសង់​លើទំហំ​​ផ្ទៃដី ជាង ១ពាន់រ៉ៃ (១៦០ហិចតា) ​ដែល​សួនឧស្សាហកម្មមួយនេះ​ ​នឹង​បម្រើ​ឲ្យ​វិស័យ​​មួយ​ ចំនួន​ដូចជា វិស័យ​កាត់ដេរ ​ ​វាយនភ័ណ្ឌ​ ការ​កែច្នៃ​កសិកម្ម ​និង​គ្រឿង​អេឡិចត្រូនិក៕ ឯកសារៈ ពាណិជ្ជកម្មកម្ពុជា

No comments:

Post a Comment