បន្ទាប់ពីកំពង់ផែស្វយ័តក្រុងភ្នំពេញហៅកាត់ថា PPAP
បានធ្វើប៊ុកបៀលឌីង សម្រាប់វិនិយោគិនជាស្ថាប័នរួចមក
ក្រុមហ៊ុនដែលជាសហគ្រាសរដ្ឋ
ប្រតិបត្តិការកំពង់ផែធំទីពីរនៅកម្ពុជា
បានកំណត់តម្លៃភាគហ៊ុនរបស់ខ្លួនក្នុងតម្លៃ ៥១២០រៀល
(១.២៦ដុល្លារអាមេរិក) ខណៈសហគ្រាសនេះរំពឹងថា នឹងប្រមូលធនចំនួន
៥.២លានដុល្លារអាមេរិក នៅក្នុងការបោះផ្សាយមូលបត្រសាធារណៈ(IPO)
ជាលើកដំបូង។
ក្នុងការបោះផ្សាយមូលបត្រសាធារណៈជាលើកដំបូង (IPO)
របស់កំពង់ផែស្វយ័តក្រុងភ្នំពេញនេះ រំពឹងថានឹងរកបានប្រាក់ចំនួន
៥.២លានដុល្លារអាមេរិក តាមរយៈការលក់ភាគហ៊ុនរបស់ខ្លួនចំនួន
២០ភាគរយនៅលើទីផ្សារកម្ពុជា នៅក្នុងខែធ្នូខាងមុខនេះ។
ម្យ៉ាងវិញទៀតក្នុងរយៈពេលកន្លងមក គេសម្លឹងឃើញថាបន្ទាប់ពី PPAP
ប្រកាសបោះផ្សាយមូលបត្រសាធារណៈនេះ
ហាក់ទទួលបានការចាប់អារម្មណ៍ច្រើនពីអ្នកវិនិយោគក្នុង
ផ្សារហ៊ុននេះ។
លោក Thomas Hugger អគ្គនាយកក្រុមហ៊ុនវិនិយោគ Asia Frontier Capital
បានមានប្រសាសន៍ថា លទ្ធផលតម្លៃភាគហ៊ុនរបស់ PPAP
បង្ហាញពីចំណាប់អារម្មណ៍របស់វិនិយោគិន
ទំនងជាមិនខ្ពស់ដូចការរំពឹងរបស់មនុស្សមួយចំនួននោះទេ
តែតម្លៃនេះអាចជួយគាំទ្រតម្លៃរបស់ភាគហ៊ុន
នៅពេលធ្វើការជួញដូរ។
បន្ថែមពីលើនេះដែរ តម្លៃភាគហ៊ុនរបស់ PPAP
ស្ថិតក្នុងចន្លោះតម្លៃពី ៤៤០៥ រៀល ដល់ ៦៣០២ រៀល (ពី ១.០៨
ដល់ ១.៥៥ ដុល្លារ) ដែលបានកំណត់ក្នុងពេលធ្វើប៊ុកបៀលឌីង
ផ្ដល់ឲ្យសហគ្រាសរដ្ឋមួយនេះនូវ មូលធនីយកម្មទីផ្សារចំនួន
២៦លានដុល្លារអាមេរិក។ ហើយបើតាម PPAP បានឲ្យដឹងថា
ខ្លួនគ្រោងនឹងប្រើប្រាស់មូលធន ដែលប្រមូលនេះ
ដើម្បីផ្ដល់មូលនិធិក្នុងការពង្រីកអាជីវកម្មរបស់ខ្លួន។
នារយៈពេលចុងក្រោយនេះ
រដ្ឋាភិបាលបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងកិច្ចការ IPO របស់ PPAP
ដោយសង្ឃឹមថានឹង ពង្រឹងទីផ្សារមូលធនរបស់ប្រទេសនេះ។
ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បាន ព្យាយាមទាក់ទាញវិនិយោគិន
ចាប់តាំងពីការចាប់ផ្ដើមដំណើរការដំបូងកាលពីឆ្នាំ ២០១១
ហើយមានក្រុមហ៊ុនតែពីរប៉ុណ្ណោះបានចុះបញ្ជី៕ ឯកសារៈ ពាណិជ្ជកម្មកម្ពុជា
No comments:
Post a Comment