Sunday, November 22, 2015

ហាងការ៉េមរបស់អាមេរិក Cold Stone Creamery នឹងបើកសាខាដំបូង នៅភ្នំពេញ ក្នុងពេលឆាប់ៗនេះ

ហាងការ៉េម Cold Stone Creamery ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ នៅសហរដ្ឋអាមេរិក គ្រោងនឹងបើកសាខាដំបូងរបស់ខ្លួន នៅទីក្រុងភ្នំពេញ នៅឆ្នាំក្រោយនេះ។ Cold Stone Creamery ជាក្រុមហ៊ុនរបស់អាមេរិក ដោយមានលក់ការ៉េមមានរសជាតិឆ្ងាញ់ និងមានអ្នកលក់ច្រៀងកំដរ ដើម្បីផ្ដល់ជាសេវាកម្មពិសេសជូនអតិថិជន នេះបើតាមលិខិតប្រកាសរបស់ក្រុមហ៊ុន។

យោងតាមលិខិតប្រកាសរបស់ក្រុមហ៊ុន បានឲ្យដឹងទៀតថា សាខា Kahala ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Cold Stone Creamery នឹងផ្ដល់សិទ្ធិលក់ផ្លូវការដល់ក្រុមហ៊ុន TH F&B ដែលជាក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដោយគ្រប់គ្រងលោក Hav Norm ជានាយកគ្រប់គ្រងហាងខាងលើនេះ។

នាយកគ្រប់គ្រងហាងបានរៀបរាប់ទៀតថា ក្រុមហ៊ុននឹងរៀបចំតារាងតម្លៃ ដាក់បញ្ចូលក្នុងសៀវភៅកម្ម៉ង់សម្រាប់អតិថិជន ដោយលក់ការ៉េមមានតម្លៃចាប់ពី ៤ ទៅ ៦ដុល្លារអាមេរិក។ លោកបន្ថែមថា តម្លៃដែលបានដាក់លក់លើទីផ្សារនេះ ជាតម្លៃមួយដែលសមរម្យ សម្រាប់អ្នករស់នៅភ្នំពេញ អាចទទួលយកបាន។

ការមកដល់នៃក្រុមហ៊ុនការ៉េមអាមេរិកនេះ នឹងវាយលុកទីផ្សារកម្ពុជា តាមរយៈការប្រកួតប្រជែងជាមួយហាងអាមេរិកធំៗក្នុងកម្ពុជាដទៃទៀតរួមមាន ហាង Dairy Queen’s និងហាងការ៉េម Swensen’s ជាដើម។ ហាងធំៗទាំងពីររបស់អាមេរិកខាងដើមនេះ បានមកដល់ប្រទេសកម្ពុជាតាំងពីជាង ១០ឆ្នាំមុន ដោយហាង Dairy Queen’s បានបើកសាខាដំបូង នៅអាកាសយានដ្ឋានភ្នំពេញអន្តរជាតិក្នុងឆ្នាំ ២០០២ ចំណែកឯហាងការ៉េម Swensen’s បានមកដល់រាជធានីភ្នំពេញដំបូងក្នុងឆ្នាំ ២០០៧ ដែលមានទីតាំងនៅផ្សារសូរិយា។

គួរជម្រាបដែរថា Cold Stone Creamery បានបើកសាខានៅតំបន់អាស៊ីដំបូងបង្អស់ នៅប្រទេសជប៉ុនក្នុងឆ្នាំ ២០០៥ ដោយបានពង្រីកសាខាខ្លួនបន្តបន្ទាប់ នៅប្រទេសហ្វីលីពីន និងបន្ទាប់មកប្រទេសឥណ្ឌូនេស៊ី និងទី៤ គឺប្រទេសកម្ពុជា៕  ឯកសារៈ ពាណិជ្ជកម្មកម្ពុជា

No comments:

Post a Comment