Thursday, November 19, 2015

ក្រុមហ៊ុន Fuji Xerox ប្រកាសបើកសាខាដំបូងបង្អស់ នៅរាជធានីភ្នំពេញ

ក្រុមហ៊ុនដ៏ល្បីជុំវិញតំបន់អាស៊ីអាគ្នេយ៍មួយ ដែលមានឈ្មោះថា Fuji Xerox Asia Pacific Pte Ltd ពេលនេះបាន​ប្រកាស​ថា ខ្លួននឹងពង្រីកសាខាប្រតិបត្តិការ ​អាជីវកម្ម​ដោយ​ផ្ទាល់ ​នៅ​រាជធានី​ភ្នំពេញ ​នាពេលឆាប់ៗខាងមុខនេះ។ ជាលើកដំបូងបំផុតហើយ ដែលក្រុមហ៊ុនមួយនេះ បានចាប់ផ្តើមឈានជើង ចូលមកក្នុងប្រទេស​កម្ពុជា ដោយនាំយកនូវផលិតផលគ្រឿងសម្ភារៈការិយាល័យ ដែលមានបច្ចេកវិទ្យាទំនើបបំផុត ចូលក្នុងទីផ្សារកម្ពុជា។

ការមកដល់របស់ក្រុមហ៊ុន Fuji Xerox ក៏ដោយសារក្រុមហ៊ុនសម្លឹងឃើញទីផ្សារកម្ពុជា កំពុងតែមានតម្រូវខ្ពស់នូវសម្ភារៈការិយាល័យទំនើបៗ និងមានស្ដង់ដារ ហើយក្រុមហ៊ុនក៏ចង់វាយលុកទីផ្សារ តាមរយៈការប្រកួតប្រជែងជាមួយ ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈដទៃទៀតផងដែរ។
នាពេលបច្ចុប្បន្ននេះមាន ក្រុមហ៊ុន ស្ថាប័ន អង្គការ និងអង្គភាពជាច្រើន បានកំពុងបោះទីតាំងមូលដ្ឋាន ក្នុងរាជធានីភ្នំពេញ ហើយពួកគេត្រូវការចាំបាច់បំផុត ប្រើប្រាស់សម្ភារៈការិយាល័យ ម៉ាស៊ីន​បោះពុម្ព និងម៉ាស៊ីនថតចម្លងឯកសារផ្សេងៗជាច្រើនទៀត ដែលមានលក្ខណៈស្ដង់ដារ និងអាចប្រើប្រាស់បានយូរអង្វែង មានគុណភាពខ្ពស់ ដើម្បីប្រតិបត្តិការ ការងារដោយមានភាពងាយស្រួល។
ក្រុមហ៊ុន Fuji​ Xerox នឹង​នាំចូលនូវឧបករណ៍ម៉ាស៊ីនថតចម្លង ម៉ាស៊ីនបោះពុម្ព មានស្ដង់ដារខ្ពស់ និងមាន​ពហុ​មុខងារជាច្រើន មក​ប្រទេស​កម្ពុជា​តាម​រយៈ​ក្រុមហ៊ុន Fuji Xerox ដែលមានមូលដ្ឋាននៅប្រទេសវៀតណាម​។ ជាមួយនឹង​ការ​បង្កើត​សាខា Fuji Xerox ក្រុមហ៊ុននឹង​បន្ត​ផ្តល់​អទិភាពដល់ឈ្មួញ​ដែលគាំទ្រ និងមានបំណងចង់សហការ​​លក់បន្ត ក្រុមហ៊ុន​នឹងផ្ដល់សេវា​ប្រឹក្សា​ពិគ្រោះ​យោបល់​ដោយផ្ទាល់។
មុននឹងឈានជើងចូលមកដល់របស់ក្រុមហ៊ុន Fuji Xerox ក្រុមហ៊ុនបានសិក្សាពីស្ថានភាពទីផ្សារកម្ពុជាយ៉ាងល្អិតល្អន់ មុនសម្រេចចិត្តបើកសាខាដោយផ្ទាល់នៅរាជធានីភ្នំពេញ។ ក្រុមហ៊ុនបានចាប់អារម្មណ៍ដោយសម្លឹងឃើញទីផ្សារកម្ពុជាតាំងពីឆ្នាំ ២០១៤ តាមរយៈការកើនឡើងនៃ កំណើនសេដ្ឋកិច្ចកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងនោះ​អត្រា​ផលិតផល​ក្នុង​ស្រុក​សរុបកម្ពុជាមានកំណើន ៧.៦៨ ភាគ​រយ​ក្នុងឆ្នាំ  ២០១៤ ដោយអត្រានេះ គឺមានការកើនឡើងរហូតតាំងពីឆ្នាំ ១៩៩៤ ស្របជាមួយនឹងលំហូរទុនវិនិយោគពីប្រទេសអន្តរជាតិជាច្រើនទៀត៕ ឯកសារៈ ពាណិជ្ជកម្មកម្ពុជា

No comments:

Post a Comment